CAMBO REPORT

Popup Advertising5 seconds

iPhone ឆ្នាំ 2019 នេះអាចនឹង​ទទួល​បាន​ការ​អាប់​ដេត​ជា​ពិសេស​ពី Apple ទៅ​លើ​ផ្នែក​កាមេរ៉ា​ទាំង​មុខ​និង​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលប្រិយមិត្តអ្នកអានភាគច្រើន ពិតជាបានដឹងហើយថា iPhone ឆ្នាំ 2018 របស់ក្រុមហ៊ុន Apple គឺមិនបានបង្កើន​កាណុង​កាមេរ៉ាក្រោយ មកបន្ថែមឡើយ ដោយសម្រាប់ iPhone XS & XS Max នៅតែមានភ្នែកកាមេរ៉ាពីរគ្រាប់ ដូចទៅនិង iPhone X ចំណែក iPhone XR វិញ គឺមានកាមេរ៉ាក្រោយត្រឹមមួយគ្រាប់ប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុនផ្សេងៗ កំពុង​ហក់លោត​ខ្លាំង​លើ​រឿ​ង​នេះ។ យ៉ាងណា បើងាកទៅមើលពីសមត្ថភាព និងគុណភាពវិញ គឺត្រូវបាន Apple កែប្រែអាប់ដេតច្រើន អោយកាន់តែ​ប្រសើរ​ជាង​ជំនាន់​មុនៗ សូម្បីតែ iPhone XR កាមេរ៉ាមួយគ្រាប់ខាងក្រោយនោះ ក៏មិនអន់ដែរ។

ដោយឡែក សម្រាប់កាមេរ៉ាមុខទំហំយិនស៊ិន 7 មេហ្គាភិចសែលវិញ យើងសង្កេតឃើញថា វាត្រូវបានទទួលកំណែអាប់ដេតតិចតួច​ប៉ុណ្ណោះ ជាមួយការបន្ថែមភាពរលោងជាងមុនបន្តិច បើធៀបជាមួយកាមេរ៉ាមុខរបស់ iPhone X។ ក្នុងនោះ មានអ្នកគាំទ្រម៉ាក​ផ្លែប៉ោម បានលើកឡើងថា តើពេលណាទើប Apple ព្រមដាច់ចិត្តពង្រីកទំហំកាមេរ៉ាមុខ និងក្រោយ (7 មេហ្គាភិចសែល & 12 មេហ្គា​ភិចសែល) លើទូរសព្ទ iPhone ទៅ ព្រោះទំហំនេះ នៅទ្រឹងដដែលយូរណាស់ហើយ ?

 

ថ្មីៗនេះ បើយោងតាមរបាយការណ៍មួយ ពីលោកអ្នកវិភាគ Minh-Chi Kou បានអោយដឹងថា សម្រាប់ iPhone ក្នុងឆ្នាំ 2019 នឹង​មាន​ការអាប់ដេតបន្ថែមជាពិសេសពី Apple ទៅលើផ្នែកកាមេរ៉ាទាំងខាងមុខ និងខាងក្រោយ។ ចំពោះកាមេរ៉ាមុខ អាចនឹងមាន​ទំហំ​គុណភាពខ្ពស់ សម្រាប់ការថត Selfie ជាមួយការរួមបញ្ចូលប្លង់ទូលាយជាងមុន, ផ្តល់អោយការថតនៅកន្លែងមានពន្លឺទាប បានកាន់​តែប្រសើរ និងជាពិសេសនោះ គេបានរំពឹងថា កាមេរ៉ាមុខអាចនឹងមានទំហំលោតដល់ 12 មេហ្គាភិចសែល។ ចំណែកកាមេរ៉ាខាង​ក្រោយ​វិញ អាចនឹងមានទំហំគុណភាពខ្ពស់ដូចគ្នា ជាមួយកាណុង 3 គ្រាប់លើកដំបូង ពឹងផ្អែកទៅលើលេននីមួយៗ ដូចជាលេន Wide, លេន Telephoto, លេន Ultra-wide និងមានបញ្ចូលមុខងារថតជំនួយពន្លឺប្លង់ Low Light ដូច Pixel 3, P30 Pro ជាដើម។

សរុបមក ទាំងនេះជាដំណឹងថ្មីមួយបន្ថែមទៀត តាមរយៈពីលើកឡើងពីអ្នកវិភាគ Minh-Chi Kou ទាក់ទងទៅនឹងផ្នែកកាមេរ៉ា​ទាំង​មុខ និងក្រោយ សម្រាប់ iPhone ដែលនឹងត្រៀមបង្ហាញវត្តមាន ជាផ្លូវការ នៅចុងឆ្នាំ 2019 នេះ។ ចុះសម្រាប់ប្រិយមិត្តអ្នកអាន ជា​ពិសេសហ្វេនរបស់ផ្លែប៉ោម យល់យ៉ាងណាដែរ បើចំនុចទាំងហ្នឹង កើតឡើងពិតមែន? ពេញចិត្តអត់?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Mac Rumors Tag: ទូរស័ព្ទ