CAMBO REPORT

Popup Advertising5 seconds

LG ប្រកាស​ចេញ​ជាផ្លូវការ​ស្មាតហ្វូន​ធុនមធ្យម X4 ស៊េរី 2019 កាល​ពីម្សិលមិញ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុហ៊ុន LG កាលពីម្សិលមិញនេះ បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនធុនមធ្យមរបស់ខ្លួនមួយផ្សេងទៀតស្ថិតនៅក្នុងខ្សែស្រឡាយ​ត្រកូល X មានឈ្មោះហៅថា X4 ស៊េរីឆ្នាំ 2019 ចេញមុខជំនួសម៉ូឌែល X4+ ដែលចេញកាលពីឆ្នាំ 2018 កន្លងទៅ។ ការបង្ហាញ​ខ្លួន​នេះ​មិនមែនជារឿងធំ ដែលគួរ​ឲ្យ​ភ្ញាក់ផ្អើលនោះទេ ព្រោះថាម៉ូឌែល X4 នេះគ្រាន់តែជាឈ្មោះសម្រាប់ហៅក្នុងទីផ្សារប្រទេសកូរ៉េ​ខាង​ត្បូងប៉ុណ្ណោះ តែជាក់ស្ដែងស្មាតហ្វូននេះមានឈ្មោះហៅផ្សេងថា K40 នៅក្នុងទីផ្សារភាគច្រើន ក៏ដូចជា K12+ នៅប្រទេស​ប្រ៊េស៊ីល ជាដើម ជាមួយនឹងលក្ខណៈសម្បត្តិនៅដដែល។

LG X4 ស៊េរី 2019 មានអេក្រង់ទំហំ 5.7 អ៊ីញ ប្រើប្រាស់បន្ទះបង្ហាញប្រភេទ IPS LCD ជាមួយសមត្ថភាពបង្ហាញរូបភាពកម្រិត HD+ ជាប្រភេទអេក្រង់លាតមានកម្រិត Ratio 18:9 និងដង់ស៊ីតេត្រឹម 282ppi ល្មមសម្រាប់ការប្រើប្រាស់ទូទៅ។ តួខ្លួនវិញ ការពារ​ឡើងដោយជ័រស្វិត មានកម្រាស់ 8.3mm ទម្ងន់ 150 ក្រាម ជាមួយផ្នែកខាងក្រោយមានសេនស័រស្កេន​ម្រាមដៃស្ថិត​នៅ​ផ្នែក​ខាងក្រោមកាមេរ៉ា អមមកជាមួយប៊ូតុង Power នៅខាងស្ដាំ និងប៊ូតុងសម្លេងនៅខាងឆ្វេង ជិតប៊ូតុង Google Assistant និង​មាន​រន្ធដោតកាស 3.5mm ហើយគួរឲ្យស្ដាយ វាបន្តប្រើប្រាស់រន្ធ USB ប្រភេទ Micro ដដែល ថែមទាំងពុំមានមុខងារ​សាកថ្មបាន​លឿន​ទៀត​ផង។

ដោយសារតែនេះជាប្រភេទស្មាតហ្វូនកម្រិតថវិកា យើងក៏មិនអាចរំពឹងខ្ពស់ពីវាដែរ ដោយកម្លាំងម៉ាស៊ីនវាប្រើប្រាស់ខួរក្បាល SoC ប្រភេទ Helio P22 ទំហំ 12nm រត់ក្នុងល្បឿន 2.0GHz អមមកជាមួយ RAM 2GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 32GB។ ជុំ​វិញផ្នែកកាមេរ៉វិញ ខាងមុខបំពាក់កាមេរ៉ាទំហំ 8 មេហ្គាភិចសែល អមមកជាមួយភ្លើង LED សម្រាប់ការថតមានពន្លឺគ្រប់គ្រាន់​ពេល​ថត​នៅ​កន្លែងខ្វះពន្លឺ ឬនៅពេលយប់ជាដើម ចំនែកកាមេរ៉ាក្រោយទំហំ 16 មេហ្គាភិចសែល អាចថតវីដេអូកម្រិត Full HD និង​មាន​មុខ​ងារ​ DTS:X 3D Surround sound ផ្ដល់នូវប្រព័ន្ធសម្លេងច្បាស់ល្អ មានគ្រប់ទិស តាមរយៈការប្រើប្រាស់កាសតាម​ឌុយ​ដោត​។

LG X4 ក៏មានគុណភាពផលិតខ្ពស់ផងដែរ ដែលបានវាយតម្លៃជាប្រភេទ MIL-STD 810G បែបកងទ័ព្ធមានន័យថា វាធន់នឹងការ​ធ្លាក់ ធន់នឹងការប្រើប្រាស់នៅតំបន់ត្រជាក់ ឬក្ដៅខ្លាំង ដោយម្ចាស់របស់វាអាចប្រើប្រាស់ស៊ីមកាតបាន 2 ក្នុងពេលតែមួយ ជាមួយនឹង​កម្លាំងថ្ម 3000mAh រត់ដោយ Android 8.1 សស្រោបដោយស្បែក LG UX ចេញពីប្រអប់។ ស្មាតហ្វូននេះនឹង​ចាប់ផ្ដើមចេញ​លក់​ជាលើកដំបូងក្នុងទីផ្សារកូរ៉េខាងត្បូងនៅថ្ងៃទី 26 មេសាខាងមុខនេះ ហើយក៏នឹងត្រៀមចេញលក់នៅតាមបណ្ដាទីផ្សារអន្តរជាតិ​ផ្សេងៗ​ទៀតផងដែរ ក្នុងតម្លៃប្រហាក់ប្រហែល USD 260។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ទូរស័ព្ទ