CAMBO REPORT

Popup Advertising5 seconds

Galaxy Fold មិន​ទាន់​ចេញ​លក់​ផង ឥឡូវ​ឮថា Samsung ចាប់​ផ្ដើម​គម្រោង​ផលិត​ស្មាត​ហ្វូន​អេក្រង់​បត់​ផ្សេង​ទៀត​បាត់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Galaxy Fold បានទាញយកចំណាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកស្រលាញ់បច្ចេកវិទ្យាថ្មី ព្រោះថាវាមានភាពខុសប្លែកខ្លាំងបើ​ធៀប​ទៅ​នឹង​ស្មាតហ្វូនធម្មតា ដោយសារតែអេក្រង់បត់បាន ពីអេក្រង់តូច ទៅជាអេក្រង់ធំដូចថេប្លេត ដែលផ្លាស់ប្ដូរបទពិសោធន៍​យ៉ាង​ច្រើនទៅលើការប្រើប្រាស់ស្មាតហ្វូន មិនធ្លាប់មានពីមុនមក។ យ៉ាងណាក៏ដោយ គិតមកដល់ថ្ងៃនេះ Samsung នៅមិនទាន់​សម្រេច​បាន​គោលដៅធំនៅឡើយទេ ចេញពីការលក់ Galaxy Fold មួយនេះ ព្រោះថា ទីផ្សារជាច្រើនផ្សេង​ទៀត​នៅ​ក្នុង​ពិភព​លោក​បើ​គិត​មក​ដល់ថ្ងៃទី 23 ខែមេសានេះ Galaxy Fold នៅមិនទាន់មានវត្តមានលក់ក្នុងទីផ្សារនៅឡើយ រួមទាំងស្រុកខ្មែរយើងផងដែរ។

យ៉ាងណាក៏ដោយ បើទោះបីជា Galaxy Fold មិនទាន់ចេញលក់ពាសពេញទីផ្សារក្ដី តែបើយោងតាមប្រភពដំណឹង​ចុងក្រោយបាន​ចេញ​ផ្សាយឲ្យដឹងថា នៅពេលនេះក្រុមការងារផ្នែកផលិតរបស់ Samsung បានចាប់ផ្ដើមធ្វើការលើគម្រោងថ្មីមួយ​ទៀតបាត់​ទៅ​ហើយ ដែលផ្ដោតទៅលើការផលិតស្មាតហ្វុន ដែលអាចកាត់បត់អេក្រង់បានដូចទៅ Galaxy Fold ដែរ តែវានឹងមានសមត្ថភាព និងគុណភាពប្រសើរជាងមុន ថែមទាំងយកលំនាំឌីហ្សាញថ្មី ហើយប្លែកជាងមុន។ ជាងនេះទៅទៀត ស្មាតហ្វូនជំនាន់ថ្មី ដែលស្ថិតក្នុង​ការ​អភិវឌ្ឍន៍នេះ នឹងមានផ្ទៃអេក្រង់លាតធំដល់ទៅ 8 អ៊ីញនៅពេលបើកលាចេញ ដោយប្រើប្រាស់បន្ទះអេក្រង់មួយសន្លឹក កាច់​ចេញ​ជាពីរ ជាជាង 3 ដូចមាននៅលើ Galaxy Fold ដែលប្រិយមិត្តអ្នកអាចបានឃើញស្រាប់។

ប្រភពដដែលបានបន្តទៀតផងដែរថា គម្រោងថ្មីនេះ គឺមានការអភិវឌ្ឍន៍ម៉ាស៊ីនចំនួន 2 ដូចបានរៀបរាប់ខាងលើ និងមួយទៀត​មាន​អេក្រង់​លោតដល់ 13 អ៊ីញនៅពេលលាតសន្ធឹង តែយើងក៏ពុំអាចទទួលបានដំណឹងស៊ីជម្រៅជុំវិញបច្ចេកវិទ្យា ដែលនឹងបំពាក់នៅ​លើ​ឧបករណ៍​ទាំងពីរនេះផងដែរ ព្រោះវាអាចនឹងពិបាកក្នុងការផលិត ដើម្បីធ្វើឲ្យវាល្អឥតខ្ចោះជាមួយគុណភាពផលិតប្រើប្រាស់បានយូរ ជាជាងបញ្ហា ដែលលេចឮថ្មីៗកន្លងទៅនេះជាមួយ Galaxy Fold តាមរយៈ YouTuber។ នេះគ្រាន់តែជាដំណឹងដំបូង នៃ​ការ​អភិវឌ្ឍន៍​ថ្មីផ្សេង​ទៀត​ពី​ក្រុម​ការងាររបស់ Samsung ប៉ុណ្ណោះ ដូច្នេះយើងក៏មិនអាចធ្វើការសន្និដ្ឋានបានទាំងស្រុងបានដែរថា តើ​ឧបករណ៍ថ្មីទាំងពីរនោះអាចនឹងបង្ហាញខ្លួននាឆ្នាំក្រោយ ឬក៏អត់ ឬអាចជា Galaxy Fold 2 ចេញមុខជំនួស Galaxy Fold 1 ឬក៏អត់ទេ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរស័ព្ទ