នេះជារបៀបធ្វើឲ្យ iPhone និង iPad ដើរដោយ iOS 14 ឡើងទៅ អាចដំណើរការមុខងារ PiP សម្រាប់ YouTube
ដោយ​ ៖ ឈីរ៉ូ | 3 ខែមុន SHARE

 

ប្រព័ន្ធប្រតិបតិ្តការ iOS / iPadOS 14 ដែលបានប្រកាសចេញជាផ្លូវការ កាលពីចុងខែមិថុនា ឆ្នាំ 2020 កន្លងទៅ ក៏ដូចជាកំពុងតែដាក់ឲ្យប្រើនៅលើ iPhone និង iPad ក្នុងពេលបច្ចុប្បន្ននេះ បានភ្ជាប់មកជាមួយមុខងារថ្មីៗជាច្រើន ហើយក្នុងចំណោមនោះ ក៏មាន Picture-in-Picture (PiP) ដែលទទួលបានការស្វាគមន៍យ៉ាងច្រើនពីសំណាក់អ្នកប្រើ iPhone និង iPad ផងដែរ។ គួរបញ្ជាក់ផងថា PiP អនុញ្ញាតឲ្យអ្នកប្រើប្រាស់ iPhone និង iPad អាចធ្វើការទស្សនាវីដេអូបណ្តើរ និងប្រើប្រាស់កម្មវិធីផ្សេងទៀតបណ្តើរ នៅក្នុងពេលតែមួយ។

កាលពីដាក់ឲ្យប្រើសាកល្បងដំបូង YouTube អនុញ្ញាតឲ្យអ្នកប្រើ iPhone និង iPad ដើរដោយ iOS / iPadOS 14 អាចដំណើរការមុខងារ PiP តាមរយៈកម្មវិធី Safari បាន ប៉ុន្តែនៅពេលដែល iOS / iPadOS 14 ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះ អ្នកប្រើប្រាស់កត់សម្គាល់ឃើញថា នៅពេលដែលពួកគេបើកគេហទំព័រ YouTube តាមរយៈកម្មវិធី Safari មុខងារ PiP មិនដំណើរការនោះទេ។ យ៉ាងណាមិញ ក្រោយមកទៀត YouTube បានអនុញ្ញាតឲ្យមុខងារ PiP ដំណើរការនៅលើកម្មវិធី Safari វិញ ប៉ុន្តែមិនបានប៉ុន្មាន YouTube ក៏លែងអនុញ្ញាតឲ្យមុខងារ PiP ដំណើរការលើកម្មវិធី Safari សាជាថ្មីម្តងទៀត រហូតទល់មកដល់សព្វថ្ងៃនេះ។ ដោយឡែក ថ្មីៗនេះ យើងបានរកឃើញកម្មវិធីមួយ ដែលអាចធ្វើឲ្យ iPhone និង iPad ដើរដោយ iOS / iPadOS 14 ឡើងទៅ អាចដំណើរការមុខងារ PiP សម្រាប់ YouTube ដោយមិនចាំបាច់ធ្វើការ Jailbreak នោះទេ។ អញ្ចឹងកុំឲ្យខាតពេលយូរ យើងនាំគ្នាទៅស្គាល់ពីឈ្មោះកម្មវិធី និងរបៀបប្រើប្រាស់របស់វាទាំងអស់គ្នា។

កម្មវិធីដែលធ្វើឲ្យ iPhone និង iPad ដើរដោយ iOS / iPadOS 14 ឡើងទៅ អាចដំណើរការមុខងារ PiP សម្រាប់ YouTube ដែលយើងលើកយកមកបង្ហាញជូនឲ្យអ្នកទាំងអស់គ្នាបានដឹង នៅក្នុងថ្ងៃនេះ មានឈ្មោះហៅថា X.app ហើយវាត្រូវបានដាក់ឲ្យទាញយកនៅលើ App Store ដោយឥតគិតថ្លៃ។ ដើម្បីអាចដំណើរការមុខងារ PiP សម្រាប់ YouTube ជាដំបូងអ្នកត្រូវទាញយកកម្មវិធី X.App តាមរយៈដំណរភ្ជាប់មួយនេះជាមុនសិន។ បន្ទាប់មក ចូលទៅក្នុងកម្មវិធី YouTube នៅលើ iPhone ឬ iPad របស់អ្នក រួចស្វែងរកវីដេអូណាមួយដែលអ្នកពេញចិត្ត ហើយចុចបើកវីដេអូមួយនោះ។ បន្ទាប់មកទៀត ចុចនៅលើពាក្យថា Share នៅពេលនោះវានឹងលោតផ្ទាំង Share ឡើងមក នៅត្រង់ផ្ទាំង Share នេះ អ្នកត្រូវអូសពីស្តាំទៅឆ្វេង រហូតឃើញពាក្យថា More រួចចុចទៅលើពាក្យហ្នឹងតែម្តង។ ពេលចុចហើយ អ្នកត្រូវអូសពីក្រោមឡើងទៅលើ រហូតឃើញពាក្យថា X: Video > Pictures-in-Picture រួចចុចទៅលើពា្យហ្នឹងតែម្តង។ ក្រោពីចុចហើយ វានឹងលោតផ្ទាំងថ្មីមួយផ្សេងទៀត ដែលមានពាក្យថា Pictures-in-Picture នៅខាងក្រោមបង្អស់ ដូច្នេះអ្នកគ្រាន់តែចុចនៅត្រង់ពាក្យ Pictures-in-Picture ហ្នឹងទៅជាការស្រេច។ បើសិនជាអ្នកនៅមិនទាន់ច្បាស់ អ្នកអាចមើលទៅលើរូបភាពដែលយើងបានបង្ហាញនៅខាងក្រោមនេះបាន។

ប្រភព ៖ Cambo Report
អត្ថបទទាក់ទង