អ្វីដែលអ្នកគួរដឹងអំពី Metaverse បង្កើតជីវិតសិប្បនិម្មិត ជាមួយបច្ចេកវិទ្យា VR ពេលអនាគត
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

តើអ្វីទៅជា Metaverse? យើងគួរតែព្រួយបារម្ភ ឬក៏សប្បាយចិត្ត? ទាំងអស់នេះសុទ្ធតែជាសំណួរ ដែលមនុស្សភាគច្រើនកំពុងតែចង់ដឹង ព្រោះវាអាចដើរតួយ៉ាងសំខាន់ នៅក្នុងពេលអនាគតខាងមុខនេះ។ ក្រុមហ៊ុនធំៗដូចជា Facebook និង Microsoft កំពុងតែចាប់ផ្ដើមបង្កើត Metaverse ដែលជាពិភពសិប្បនិម្មិត ហើយអាចឲ្យយើងចូលលេងទីនោះបាន ដូចជាការលេងហ្គេម VRChat ប៉ុន្ដែកាន់តែស៊ីជម្រៅជាងនោះទៀត។

ហាក់បីដូចជា ខ្សែភាពយន្ដ Ready Player One និង Sword Art Online អ៊ីចឹង ដោយនិយមន័យ Metaverse នោះគឺអ្នកអាចបង្កើតជីវិតទី 2 ផ្ទាល់ខ្លួនមួយទៀត ជាមួយនឹងបច្ចេកវិទ្យារបស់ VR (Virtual Reality) ហើយអាចលេងដូចជាជីវិតមែនទែន។ ប្រសិនបើឧបករណ៍ VR កាន់តែទំនើបទៅៗ ដូច្នេះហើយវានឹងជួយធ្វើឲ្យ មនុស្ស 2 នាក់នៅកន្លែងខុសគ្នា ឲ្យមានអារម្មណ៍មួយថា ដូចនៅក្បែរគ្នាមែនទែន។ ប្រព័ន្ធ Metaverse ជាអនាគតរបស់អ៊ីនធើណេត (Internet) ឬអាចចូលខ្លួនមកជំនួស Internet ផង ហើយប្រព័ន្ធ Metaverse គឺគ្មានម្ចាស់កម្មសិទ្ធិផ្ដាច់មុខដូចជា Internet ក្នុងពេលបច្ចុប្បន្ននេះដែរ។

ចំពោះមូលហេតុដែលក្រុមហ៊ុនធំៗ កំពុងនាំគ្នាបង្កើតពិភពសិប្បនិម្មិតនោះ ក៏ដោយសារតែ វាគឺមានភាគរយច្រើន នឹងក្លាយផ្នែកសំខាន់ ជាប្រចាំថ្ងៃរបស់យើង។ មនុស្សមួយចំនួនអាចមិនពេញចិត្ត នឹងជីវិតពិតរបស់ពួកគេ ហើយក៏ចង់បង្កើតជីវិតសិប្បនិម្មិតមួយទៀត ដើម្បីបំពេញបំណងទាំងអស់នោះ ជាដើម។ ក្រុមហ៊ុនធំណាមួយ ដែលអាចបង្កើត Metaverse បានសម្រេចមុនគេ នឹងទទួលបានឈ្មោះកាន់តែល្បីល្បាញ ព្រមទាំងទាក់ទាញចំណាប់អារម្មណ៍ច្រើន ថែមទៀតផង។

នាពេលបច្ចុប្បន្ននេះ មិនទាន់មាននរណាម្នាក់ទាន់ដឹងថា Metaverse នឹងអាចសម្រេចបានជាផ្លូវការ នៅក្នុងពេលណាច្បាស់ទេ ដោយកំពុងតែចាប់ផ្ដើមអភិវឌ្ឍន៍ជាបណ្ដើរៗហើយ។ ប្រព័ន្ធ Metaverse ក៏អាចនឹងជួយឲ្យអ្នកពិការ ទទួលបានបទពិសោធន៍ ធ្វើដំណើរការទៅកន្លែងខាងក្រៅ ឲ្យកាន់តែដូចពិតៗជាងឧបករណ៍ VR និងកម្មវិធី Software ឬហ្គេមនៅក្នុងពេលនេះ។ តើអ្នកទាំងអស់គ្នាចង់សាកល្បងប្រើ Metaverse នៅក្នុងថ្ងៃអនាគតដែរឬក៏អត់ទេ? ចូរបញ្ចេញមតិនៅតាមប្រអប់ Comment ម្នាក់មួយបាន។

ប្រភព ៖ Wikipedia
អត្ថបទទាក់ទង