Nokia T20 ជាថេប្លេតថ្មី មានបំពាក់អេក្រង់ 2K និងតម្លៃខ្ទង់ ១ លានរៀល ឬ 249 ដុល្លារ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ថ្មីៗនេះ Nokia បានប្រកាសចេញថេប្លេតដំបូងមួយរបស់ខ្លួនជាថ្មីម្ដងទៀត បន្ទាប់ពីបានបាត់មុខពីវិស័យនេះ តាំងពីឆ្នាំ 2014 មក ហើយថេប្លេតថ្មីនោះ ត្រូវបានគេហៅថា Nokia T20 នេះឯង ដែលជាថេប្លេតលំដាប់ថវិកា ត្រូវបានដាក់លក់សម្រាប់ការប្រើប្រាស់ទូទៅ។ 

ថេប្លេត Nokia T20 មានការរចនារូបរាងស្រដៀងគ្នានឹងទូរសព្ទឆ្លាតរបស់ Nokia ផ្សេងៗដែរ ដែលមានខ្នងក្រោមបែបសាមញ្ញ ជាមួយកាមេរ៉ាមួយគ្រាប់ និងផ្នែកមុខងារជាអេក្រង់លាត មានគែមទាំង 4 ជ្រុងទំហំស្មើគ្នាតែម្ដង ប៉ុន្តែមិនសូវស្ដើងប៉ុន្មានទេ។ កម្រាស់របស់ថេប្លេតនេះគឺ 7.8mm និងមានទម្ងន់ 465 ក្រាម អាចនិយាយបានថា ស្ដើង និងស្រាលគួរសម ព្រោះវាមិនមានខ្នងក្រាលដោយអាលុយមីញ៉ូម ឬលោហៈឡើយ ជំនួសមកវិញដោយការប្រើប្លាស្ទិកហ្នឹងឯង។ 

Nokia T20 មានអេក្រង់ទំហំ 10.4 អ៊ីញ ជាមួយគ្នានឹងកម្រិតបង្ហាញដល់ 2K ព្រមទាំងមានសមាមាត្រអេក្រង់ 5:3។ Nokia ប្រាប់ថា គេបានក្រាលការពារអេក្រង់នោះ ដោយកញ្ចក់រឹងមាំមួយ ប៉ុន្តែមិនបានបង្ហាញថា ជាកញ្ចក់របស់យីហោណាទេ ប៉ុន្តែយ៉ាងណាអេក្រង់នេះ ទទួលបានវិញ្ញាបនបត្រ SGS សម្រាប់ការមានពន្លឺពណ៌ខៀវទាប (មិនសូវប៉ះពាល់ភ្នែក) និងមានកម្រិតពន្លឺខ្ពស់បំផុតត្រឹម 400 nits។

ដូចបានបញ្ជាក់អញ្ចឹងថា នេះជាថេប្លេតលំដាប់ថវិកា ហេតុនេះគឺប្រាកដណាស់ថា វាមានភ្ជាប់មកត្រឹមឈីបមធ្យមប៉ុណ្ណោះ ពោលគឺប្រភេទ Unisoc T610 ដែលមានល្បឿនខ្ពស់បំផុត 1.8GHz និងមានភ្ជាប់មកជាមួយរ៉េមទំហំ 4GB រួមទាំងអង្គផ្ទុក 64GB ហើយក៏មាន Slot បន្ថែម MicroSD Card បានដល់ 512GB ទៀតដែរ។

កាមេរ៉ាខាងមុខរបស់វាមានមួយគ្រាប់ទំហំ 8MP ត្រូវបានដាក់នៅខាងកៀន ដែលជាទីតាំងល្អមួយ នៅពេលប្រើប្រាស់ផ្តេកថេប្លេតនោះ ហើយនៅខាងក្រោយមានមួយគ្រាប់ទំហំ 8MP។ សម្រាប់ថាមពឡថ្មវិញ វាបំពាក់មកទំហំធំដែរ ឡើងដល់ 8,000mAh ប៉ុន្តែគាំទ្រកម្លាំងសាកថ្មល្បឿនលឿនត្រឹម 15W ប៉ុណ្ណោះ។

 

ថាមពលថ្មបែបនេះ Nokia អះអាងថា អាចកំដរអ្នកប្រើប្រាស់បានដល់ 10 ម៉ោង សម្រាប់ការមើលភាពយន្ត ឬវីដេអូផ្សេងៗ និងឡើងដល់ 15 ម៉ោង សម្រាប់ការប្រើប្រាស់ Browser ជាប់។ ក្រៅពីនេះ វាក៏មានបំពាក់ Speaker ឲ្យ ២ គ្រាប់ Stereo មកដែរ ជាមួយគ្នានឹងរន្ធដោតកាសមួយ នៅលើចំហៀងខាងស្ដាំនៃថេប្លេត (បើសិនដាក់វាផ្តេក)។ 

ថេប្លេតនេះមានភ្ជាប់មកជាមួយ Android 11 ចេញពីប្រអប់ ហើយ Nokia អះអាងថា វានឹងទទួលបានកំណែអាប់ដេតឡើងដល់ Android 13 នាពេលអនាគតផងដែរ។ ចូលទៅមើលតម្លៃវិញ គឺស្ថិតក្នុងកម្រិតសមរម្យមួយ សម្រាប់លក្ខណៈសម្បត្តិបែននេះ ជាក់ស្ដែង Nokia ដាក់លក់ខ្ទង់ ១ លានរៀល ឬ 249 ដុល្លារ លើវេបសាយផ្លូវការរបស់គេ។

ប្រភព ៖ Nokia
អត្ថបទទាក់ទង