Facebook / Meta ទទួលបានឈ្មោះជាក្រុមហ៊ុនអាក្រក់បំផុតប្រចាំឆ្នាំ 2021 នេះ
ដោយ​ ៖ ខេមបូរីផត | 4 ខែមុន SHARE

 

យើងបានដឹងហើយថា Facebook បានផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនរបស់ខ្លួនមកជា Meta វិញ ដើម្បីឲ្យត្រូវគ្នាជាមួយគម្រោងដែលគេកំពុងតែធ្វើការទៅលើ ក៏ដូចជាគោលដៅដែលគេមានបំណងសម្រេចឲ្យបាននាពេលអនាគត នោះគឺ Metaverse ហ្នឹងឯង។ ដោយឡែកមុនឆ្នាំ 2021 បានបញ្ចប់ Yahoo! Finance គឺបានផ្តល់ងារមិនល្អមួយទៅឲ្យ Meta។

មិនខុសពីរាល់ឆ្នាំទេ Yahoo! Finance តែងតែធ្វើការជ្រើសរើសយកក្រុមហ៊ុនដែលល្អបំផុតមួយប្រចាំឆ្នាំ និងក្រុមហ៊ុនដែលអាក្រក់បំផុតមួយប្រចាំឆ្នាំដូចគ្នា ដោយការជ្រើសរើសនេះ គឺផ្អែកទៅលើឥទ្ធិពលរបស់ក្រុមហ៊ុនទាំងនោះលើទីផ្សារ ព្រមទាំងសមិទ្ធិផលផ្សេងៗទៀត ដែលពួកគេទទួលបាន បន្ទាប់គឺដាក់ឲ្យទស្សនិកជនជាច្រើន ធ្វើការបោះឆ្នោតដើម្បីសម្រេចយកតែម្ដង។

នៅក្នុងនោះក្រុមហ៊ុនជាប់ជាក្រុមហ៊ុនល្អបំផុតប្រចាំឆ្នាំ “Best company of the year” គឺបានទៅលើ Microsoft សម្រាប់ឆ្នាំ 2021 នេះ។ ខណៈពេលក្រុមហ៊ុនដែលអាក្រក់បំផុតប្រចាំឆ្នាំវិញ “Worst company of the year” គឺបានទៅលើ Meta តែម្ដង ដោយសារទទួលបានអ្នកបោះឆ្នោតឲ្យចូលតំណែងនេះច្រើនជាងគេបង្អស់។

បើយោងតាមការស្ទង់មតិឃើញថា Facebook / Meta ទទួលបានចំនួនអ្នកបោះឆ្នោតឲ្យក្លាយជា “Worst company of the year” នេះ ច្រើនជាងក្រុមហ៊ុនចិន Alibaba ដល់ទៅ 50% ឯណោះ ដូច្នេះធ្វើឲ្យ Meta ទទួលបានដំណែងនោះយ៉ាងងាយស្រួលតែម្ដង ហើយ Alibaba ជាក្រុមហ៊ុនអាក្រក់បំផុតលំដាប់ទី 2។

ក្នុងចំណោមអ្នកបោះឆ្នោតទាំងអស់ គឺមានជាច្រើននាក់សុទ្ធតែខកចិត្តជាមួយ Meta ទៅលើចំណុចសំខាន់ៗជាច្រើនដូចជា បណ្ដាញសង្គម Instagram ធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត, ប៉ះពាល់ឯកជនភាពរបស់អ្នកប្រើប្រាស់ ក៏ដូចជាការជះឥទ្ធិពលមិនល្អជាច្រើនរបស់បណ្ដាញសង្គម Facebook / Instagram ទៅលើកុមារ និងអ្នកប្រើប្រាស់ក្មេងៗជាដើម។

ប្រភព ៖ 9To5 Mac
អត្ថបទទាក់ទង