អ្នកវិទ្យាសាស្ត្រជប៉ុនបង្កើតអេក្រង់ទូរទស្សន៍មួយ អាចឲ្យលិឍភ្លក់រសជាតិអាហារបាន
ដោយ​ ៖ ខេមបូរីផត | 4 ខែមុន SHARE

 

ថ្មីៗនេះ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយក្នុងប្រទេសជប៉ុន ដែលមានឈ្មោះថា Meiji University បានច្នៃប្រឌិតបង្កើតអេក្រង់ទូរទស្សន៍ថ្មីមួយ ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការលិឍលើអេក្រង់នោះផ្ទាល់ ដើម្បីភ្លក់រសជាតិអាហារបានថែមទៀតផង។

យោងតាមការបង្ហាញចេញពីលោកសាស្ត្រាចារ្យ Yoshiaki Miyashita ដែលជាកែច្នៃបង្កើតអេក្រង់ទូរទស្សន៍នោះផ្ទាល់ គាត់បានហៅវាថា TTTV ដែលជាទូរទស្សន៍មួយ ធ្វើការរួមបញ្ចូលគ្នារវាងវីដេអូ ឬរូបភាពនៅក្នុងអេក្រង់នោះ ជាមួយនឹងរសជាតិពិតប្រាកដផ្ទាល់តែម្ដង។ ការដំណើរការនៃអេក្រង់ទូរទស្សន៍នោះ គឺដំបូងចាប់ផ្តើមពីក្រុមរបស់លោក Miyashita បានប្រមូលយករសជាតិនៃអាហារពិតប្រាកដ បន្ទាប់មកធ្វើឲ្យវាទៅជាប្រភេទ Spray ចំនួន 10 កំប៉ុង ដោយកំប៉ុងនីមួយៗតំណាងឲ្យរសជាតិខុសៗគ្នា (ក្នុងនោះរួមមានរសជាតិ ផ្អែម, ប្រៃ, ហឹរ ក៏ដូចជាជូរជាដើម)។ ក្រោយមកបន្ទាប់ពីឃើញម្ហូបអាហារប្រភេទណាមួយ នៅក្នុងរូបភាព ឬវីដេអូនៃអេក្រង់ទូរទស្សន៍នោះ វានឹងធ្វើការរួមបញ្ចូលគ្នាបង្កើតជារសជាតិដូចម្ហូបនោះ និងបាញ់ជា Spray នៅលើអេក្រង់ទូរទស្សន៍ ដើម្បីឲ្យយើងអាចភ្លក់រសជាតិម្ហូបនោះបាន។

បើតាមការប្រាប់ដោយផ្ទាល់ចេញពីលោក Miyashita ទៅកាន់អ្នកសារព័ត៌មានបានឲ្យដឹងថា គោលដៅរបស់គាត់ គឺគាត់ចង់បង្កើត Platform មួយ ដែលអាចឲ្យមនុស្សភ្លក់រសជាតិបានគ្រប់ទីកន្លែងទាំងអស់ នៅក្នុងពិភពលោកយើងនេះ ហើយគាត់បន្ថែមទៀតថា គាត់ចង់ឲ្យមានការ Download រសជាតិជាច្រើន ពីភោជនីយដ្ឋានផ្សេងក្នុងពិភពលោក ដើម្បីមនុស្សគ្រប់គ្នាអាចសាកល្បងទទួលបានរសជាតិទាំងនោះ តាមរយៈការភ្លក់ដោយផ្ទាល់តែម្ដង។

គួរបញ្ជាក់ដែរថា លោកសាស្ត្រាចារ្យខាងលើ បានបង្កើតអេក្រង់ទូរទស្សន៍នោះសម្រេច តាំងពីក្នុងខែវិច្ឆិកាកន្លងទៅម្លេះ ហើយក៏ទទួលបានពានរង្វាន់ Innovative Technologies Award នៅក្នុងព្រឹត្តិការណ៍ Digital Content EXPO 2021 ប្រចាំប្រទេសជប៉ុនទៀតផង។

ប្រភព ៖ Tech Radar
អត្ថបទទាក់ទង