ប្រអប់កាមេរ៉ាធំជាងមុន អាចធ្វើឲ្យជ្រុងរបស់ iPhone 14 Pro កាន់តែកោងទាលជាងមុនដូចគ្នា
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

កាលពីមួយរយៈមុន មានព័ត៌មានបែកធ្លាយថា ប្រអប់កាមេរ៉ារបស់ iPhone 14 Pro នឹងកាន់តែរីកធំជាងមុនទៅទៀត ហើយដំណឹងនេះក៏ទទួលបានការឯកភាពគ្នាពីប្រភពជាច្រើនថា Apple អាចនឹងធ្វើបែបនោះមែន។ ដោយឡែកក្នុងពេលនេះ មានដំណឹងថ្មីមួយមកបញ្ជាក់ថា ដោយសារតែប្រអប់កាមេរ៉ារីកធំជាងមុន លើកនេះ Apple អាចធ្វើឲ្យគែមជ្រុងទាំង 4 របស់ iPhone 14 Pro កាន់តែកោងទាលជាងមុនថែមទៀត។

មិនខុសទេ បើយោងតាមប្រភពឈ្មោះ Ian Zelbo ដែលធ្លាប់ជាអ្នក Render ផលិតផលអនាគតរបស់ Apple ត្រូវច្រើននោះ ថ្មីៗនេះគេបានបញ្ចេញរូបភាព Render ថ្មីរបស់ iPhone 14 Pro និងបញ្ជាក់ថា ជ្រុងចែងទាំង 4 របស់ iPhone 14 Pro នឹងកាន់តែកោងទាលខ្លាំងជាងមុនថែមទៀត ដោយសារ Apple ចង់ឲ្យវាត្រូវគ្នាជាមួយកម្រិតកោងទាលរបស់ប្រអប់កាមេរ៉ា ដែលកាន់តែរីកធំជាងមុននោះដូចគ្នា។

បន្ថែមពីនេះ ការធ្វើឲ្យគែមទាលជាងមុននេះដែរ អាចនឹងសម្រាប់តែ iPhone 14 Pro ប៉ុណ្ណោះ ខណៈម៉ូឌែល iPhone 14 Pro Max ត្រូវបានគេរំពឹងថា នឹងបន្តមានកម្រិតកោងទាលដូចគ្នាទៅនឹង iPhone 13 Pro Max ដែរ។

បើសិនការបង្ហាញនេះជាការពិតមែន ដូច្នេះជ្រុងអេក្រង់ខាងមុខរបស់ iPhone 14 Pro ក៏អាចនឹងកាន់តែកោងទាលជាងមុនដូចគ្នា។ សូមរំឮកថា iPhone 14 Pro អាចនឹងមានគែម Bezel ជុំវិញអេក្រង់កាន់តែខ្លីជាងមុន 20% ទៀត ហើយវាអាចនឹងទទួលបានលេនទំលុះអេក្រង់រាងជាអក្សរ i ផ្ដេកជំនួសឲ្យឆកវិញ។

ប្រភព ៖ Macrumors
អត្ថបទទាក់ទង