តេឡេស្កុប James Webb តម្លៃ 10 ពាន់លានដុល្លាររបស់ NASA មានអង្គផ្ទុកទំហំ 68GB ប៉ុណ្ណោះ
ដោយ​ ៖ ខេមបូរីផត | 2 ខែមុន SHARE

 

បន្ទាប់ពីបានបង្ហោះតេឡេស្កុបយក្ស James Webb Space Telescope ទៅកាន់លំហបានសម្រេចហើយនោះ NASA ក៏បានចែករំលែករូបភាពរបស់ Universe ដែលត្រូវបានថតដោយតេឡេស្កុបនេះដែរ ថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍ជាច្រើន ពីមនុស្សនៅជុំវិញពិភពលោកទៀតផង។

NASA ក៏ធ្លាប់បានបញ្ជាក់ប្រាប់ដែរថា តេឡេស្កុបរបស់គេនោះត្រូវបានចំណាយប្រាក់សរុបធ្វើអស់ដល់ទៅខ្ទង់ 10 ពាន់លានដុល្លារ​ឯណោះ ប៉ុន្តែចំណុចគួរឲ្យចាប់អារម្មណ៍មួយនោះគឺថា បើទោះជាចំណាយប្រាក់ច្រើនបែបនេះមែន ប៉ុន្តែគេសម្រេចប្រើប្រាស់អង្គផ្ទុកប្រភេទ SSD ទំហំត្រឹមតែ 68GB ប៉ុណ្ណោះនៅលើតេឡេស្កុបនោះ ដើម្បីផ្ទុកទិន្នន័យផ្សេងៗ។

ទំហំផ្ទុក 68GB គឺមិនច្រើននោះទេ ជាក់ស្ដែងវាអាចផ្ទុកទិន្នន័យ ដែលតេឡេស្កុបចាប់បានត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ នេះមិនមែនមានន័យថា NASA ត្រូវការទំហំផ្ទុកធំជាងនេះឡើយ ព្រោះជាក់ស្ដែងតេឡេស្កុប James Wepp នឹងរក្សាការភ្ជាប់គ្នាមកកាន់ផែនដីតាមរយៈ Deep Space Network ដើម្បីធ្វើការបញ្ជូនទិន្នន័យដែលចាប់បានក្នុងមួយថ្ងៃៗ មកកាន់ផែនដីជារៀងរាល់ថ្ងៃ ដែលត្រូវជាទំហំខ្ទង់ 57GB រាល់ថ្ងៃ។

រយៈពេលដែលវាអាចបញ្ជូនទិន្នន័យទាំងអស់នោះមកកាន់ផែនដីវិញ គឺចំណាយពេលប្រមាណជាខ្ទង់ 4.5 ម៉ោង ហើយល្បឿនបញ្ជូនទិន្នន័យមកនោះគឺប្រមាណជា 28Mbps។ ដូច្នេះហើយ ទិន្នន័យទាំងអស់ដែល James Wepp ចាប់បានគឺរក្សាទុកលើតេឡេស្កុបខ្លួនវាផ្ទាល់តែមួយថ្ងៃៗប៉ុណ្ណោះ បន្ទាប់មកទិន្នន័យទាំងនោះនឹងត្រូវបញ្ជូនមកកាន់ផែនដីវិញទាំងស្រុង មិនត្រូវការរក្សាទុកនៅលើតេឡេស្កុប James Wepp នោះទេ។

គួរបញ្ជាក់ដែរថា 3% នៃទំហំ 68GB SSD នោះ ត្រូវបានប្រើប្រាស់សម្រាប់ផ្ទុកលើផ្នែក Engineering និង Telemetry ផ្សេងៗ ហើយ NASA ក៏បានព្យាករណ៍ទុកដែរថា នៅក្នុងពេលរយៈពេល 10 ឆ្នាំ អង្គផ្ទុក 68GB របស់ James Wepp អាចនឹងនៅសល់តែទំហំ 60GB ប៉ុណ្ណោះ ដែលអាចប្រើប្រាស់បាន ដោយការថយចុះបែបនេះ គឺដោយសារតែអាយុកាលប្រើប្រាស់ និងវិទ្យុសកម្មលើលំហ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង