Apple ទើបទម្លាក់កំណែអាប់ដេត iOS 15.6 ថ្មី មកជួសជុលបញ្ហាសំខាន់ៗមួយចំនួន
ដោយ​ ៖ ខេមបូរីផត | 2 ខែមុន SHARE

 

ថ្មីៗនេះ Apple ទើបទម្លាក់កំណែអាប់ដេត iOS 15.6 និង iPadOS 15.6 ថ្មីមួយទៀត បន្ទាប់ពីបានទម្លាក់ iOS 15.5 និង​ iPadOS 15.5 កាលពីខ្ទង់ពីរខែមុនរួចមក។ យ៉ាងណានៅលើ iOS 15.6 ថ្មីលើកនេះ វាមិនទទួលបានការបន្ថែមមុខងារអ្វីច្រើននោះទេ ប៉ុន្តែវាទទួលបានការជួសជុលបញ្ហាសំខាន់មួយ ដែលមានអ្នកប្រើប្រាស់ជាច្រើនធ្លាប់ជួបប្រទះ។

យោងតាមការបង្ហាញចេញពី Apple ផ្ទាល់ មុខងារដែល iOS 15.6 និង iPadOS 15.6 ទទួលបានបន្ថែម គឺទៅលើកម្មវិធី TV របស់គេ ដោយលើកនេះមានដាក់បញ្ចូលជម្រើសសម្រាប់ Restart, Pause, Rewind និង Fast-forward នៅក្នុងព្រឹត្តិការណ៍កីឡាផ្សាយផ្ទាល់ផ្សេងៗ។ ចំណុចនេះអាចមិនសំខាន់ សម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសយើងនោះទេ ប៉ុន្តែចំណុចកែប្រែសំខាន់មួយទៀតនោះគឺ iOS 15.6 ក៏ចូលមកជួសជុលបញ្ហា ដែលបណ្ដាលឲ្យកម្មវិធី Setting បង្ហាញព័ត៌មានបញ្ជាក់ថា ទំហំផ្ទុករបស់ឧបករណ៍បានពេញ ទាំងដែលការពិតវាមិនទាន់ពេញក៏ដោយ។

ក្រៅពីនេះវាក៏ទៅជួសជុលបញ្ហាបន្តិចបន្តួចលើកម្មវិធី Mail និង Safari ដែរ។ ដូច្នេះហើយ ពេលនេះអ្នកប្រើប្រាស់ iPhone ឬ iPad ដែលកំពុងប្រើប្រាស់ iOS 15 អាចចូលទៅទាញយក និងតម្លើងកំណែអាប់ដេតថ្មីនេះបាន ជាពិសេសអ្នកដែលបានជួបបញ្ហា ដូចបានរៀបរាប់នៅខាងលើ។ ដើម្បីឆែករកមើលកំណែអាប់ដេតថ្មី អាចចូលទៅកាន់ Settings > General > Software Update។

ប្រភព ៖ Apple
អត្ថបទទាក់ទង