Sony ទំនងនឹងប្ដូរទៅប្រើសេនស័រស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ចាប់ផ្ដើមពីឆ្នាំ 2023 មែនទែនហើយ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

ក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់ កំពុងតែត្រៀមខ្លួនក្នុងការបញ្ចេញ ស្មាតហ្វូនលំដាប់កំពូល សម្រាប់ឆ្នាំ 2023 ជាបណ្ដើរៗហើយ និងបញ្ចប់ការបញ្ចេញស្មាតហ្វូនលំដាប់កំពូលៗ សម្រាប់ឆ្នាំ 2022 នេះហើយ។ ចំណែកឯព័ត៌មានលេចធ្លាយមួយចេញពី សារព័ត៌មានជប៉ុន SumahoDigest បានលើកឡើងមកថា Sony កំពុងរៀបចំឲ្យត្រកូល Xperia ស៊េរីឆ្នាំ 2023 ឈប់ប្រើប្រាស់សេនស័រស្កេនក្រយ៉ៅដៃ នៅចំហៀងតួខ្លួនទៀតហើយ ដោយប្ដូរមកជាប្រភេទក្រោមអេក្រង់វិញ។

ជាការពិតណាស់ Sony មិនទាន់បានប្ដូរមកប្រភេទក្រោមអេក្រង់នោះទេ រហូតមកដល់ស៊េរីឆ្នាំ 2022 នេះ ទោះបីជាក្រុមហ៊ុនធំៗទាំងអស់ សុទ្ធតែបានប្ដូររួចរាល់ប៉ុន្មានឆ្នាំហើយ សម្រាប់ស្មាតហ្វូនលំដាប់កំពូលៗរបស់ពួកគេ។ ម្យ៉ាងវិញទៀត សេនស័រស្កេនក្រយ៉ៅដៃនៅចំហៀងតួខ្លួន ក៏ត្រូវបានគេចាត់ទុកថាហួសសម័យហើយ លុះត្រាតែជាស្មាតហ្វូនលំដាប់មធ្យម ឬក៏លំដាប់ថវិកា។

ចំពោះត្រកូល Xperia ស៊េរីឆ្នាំ 2023 អាចនឹងត្រូវជាម៉ូឌែល Xperia PRO-II, Xperia 10 V, Xperia Ace IV, Xperia 1 V និង Xperia 5 V ផងដែរ។ ប្រភពដំណឹងក៏បានបន្ថែមថា ម៉ូឌែល 1 V និង 10 V អាចចេញនៅអំឡុងខែឧសភា ឆ្នាំ 2023 រីឯម៉ូឌែល 5 V អាចេញនៅអំឡុងខែកញ្ញា ឆ្នាំ 2023 ដូចរាល់ឆ្នាំអ៊ីចឹង។

លើសពីនេះ គេក៏រំពឹងទុកថា Sony Xperia Pro-II, 1 V និង 5 V អាចទទួលបានកាមេរ៉ាសេនស័រទំហំ 1 អ៊ីញ, មានគុណភាពសំឡេង Speaker Stereo កាន់តែល្អប្រសើរ, ប្រើប្រាស់ឈីប Snapdragon 8 Gen 2 និងមានឌីហ្សាញថ្មីថែមទៀតផង។ ស្របនឹងពេលដែលម៉ូឌែល Ace IV អាចប្រើប្រាស់ឈីប Snapdragon 4 Gen 1 និងម៉ូឌែល 10 V អាចប្រើប្រាស់ឈីប Snapdragon 6 Gen 1 វិញ។

សម្រាប់តម្លៃ និងព័ត៌មានលម្អិតបន្ថែម គឺនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដូច្នេះប្រិយមិត្តអ្នកអាន មានតែរង់ចាំតាមដានទាំងអស់គ្នាបន្ថែមទៀត។ ពាក្យចចាមអារ៉ាម ក៏ដូចជាដំណឹងបែកធ្លាយប្រាកដជា ទទួលបានជាបន្ដបន្ទាប់មិនខាន នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ រហូតដល់ថ្ងៃប្រកាសចេញជាផ្លូវការតែម្ដង។

ប្រភព ៖ SumahoDigest
អត្ថបទទាក់ទង