ទីបំផុត LumaFusion បានបង្ហាញវត្តមាននៅលើ Android និង ChromeOS ហើយ
ដោយ​ ៖ ឡេង | 3 សប្ដាហ៍មុន SHARE

 

បន្ទាប់ពីដាក់ឲ្យប្រើប្រាស់នៅលើ iOS អស់រយៈពេលជាច្រើនឆ្នាំមក ទីបំផុតកម្មវិធី LumaFusion ដ៏ល្បីល្បាញមួយនេះ បានចាប់ផ្ដើមដាក់ឲ្យទាញយកនៅលើ Android និង ChromeOS ដែរហើយ។ ជាការពិតណាស់ កម្មវិធីកាត់តវីដេអូល្បីមួយនេះ គឺមិនដាក់ឲ្យទាញយកដោយឥតគិតថ្លៃនោះទេ ដោយឡែក ដាក់លក់នៅក្នុងតម្លៃ 19.99 ដុល្លារ នៅលើ Google Play Store និង Samsung Galaxy Store ផងដែរ។ គួរបញ្ជាក់ផងថា តម្លៃនេះគឺទាបជាងនៅលើ Apple App Store ចំនួន 10 ដុល្លារ ដែលមានតម្លៃពេញចំនួន 29.99 ដុល្លារ។

មូលហេតុដែលធ្វើឲ្យកម្មវិធី LumaFusion នេះពេញនិយម ក៏ដោយសារតែវាជាកម្មវិធីកាត់តវីដេអូ ដែលមានមុខងារសាមញ្ញ ប៉ុន្ដែក៏មានសារៈសំខាន់ សម្រាប់អ្នកប្រើប្រាស់ទូទៅភាគច្រើន។ កម្មវិធីនេះមានគាំទ្រការដាក់ Layers បានចំនួន 6 ទាំងផ្នែកវីដេអូ និងផ្នែកសំឡេង ព្រមទាំងមុខងារពិសេសផ្សេងៗទៀតដូចជា មុខងារកែពណ៌ និងមុខងារ Effect ប្លែកៗជាដើម។ ហេតុដូច្នេះហើយ របស់ដែលមានអត្ថប្រយោជន៍ច្រើន នឹងមិនបានមកដោយឥតគិតថ្លៃនោះទេ។ នាពេលបច្ចុប្បន្ននេះ កម្មវិធី LumaFusion កំពុងស្ថិតនៅក្នុងដំណាក់កាល បើកឲ្យទិញយកមកប្រើថ្មីៗលើកដំបូង Early Access ដូច្នេះវាអាចនឹងនៅមានកំហុសឆ្គងមួយចំនួនដែរ។

ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ ឬក៏រង់ចាំកម្មវិធី LumaFusion មកដល់ Android និង ChromeOS ជាយូរណាស់មកហើយ គឺអាចចូលទៅកាន់ Google Play Store និង Samsung Galaxy Store ដើម្បីទាញយកមកដំឡើងបាន។

ប្រភព ៖ Luma Touch
អត្ថបទទាក់ទង