រូបភាព iCloud ចាប់ផ្ដើមបង្ហាញខ្លួននៅក្នុងកម្មវិធី Photos សម្រាប់អ្នកប្រើ Windows 11 ហើយ
ដោយ​ ៖ ឡេង | 3 សប្ដាហ៍មុន SHARE

 

Microsoft បានចាប់ផ្ដើមបញ្ចេញកំណែអាប់ដេតថ្មី ទៅឲ្យកម្មវិធី Photos របស់ខ្លួននៅលើ Windows 11 ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការតភ្ជាប់គណនី iCloud របស់ពួកគេ ដើម្បីដាក់បង្ហាញរូបភាពចេញពី iCloud នៅក្នុងកម្មវិធី Photos ផ្ទាល់តែម្ដង។

ហេតុដូច្នេះហើយ នេះកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ Windows 11 ដោយមិនចាំបាច់ត្រូវការបើកកម្មវិធីច្រើននោះទេ ព្រោះគ្រាន់តែកម្មវិធី Photos មួយ នឹងអាចមើលបានទាំងរូបភាពពី iCloud ផង, ពី OneDrive ផង និងរូបភាពពីនៅក្នុងកុំព្យូទ័រផ្ទាល់បានផង។ ចំពោះរបៀបនៃការដំឡើងនេះ តម្រូវឲ្យអ្នកប្រើប្រាស់ Windows 11 ចូលទៅកាន់ Microsoft Store ដើម្បីអាប់ដេតកម្មវិធី Photos ក៏ដូចជាទាញយកកម្មវិធី iCloud for Windows ប្រសិនបើមិនទាន់ដំឡើងរួចហើយនៅឡើយទេ។ បន្ទាប់មកទៀត អ្នកប្រើប្រាស់នឹងប្រទះឃើញផ្ទាំង iCloud Photos នៅក្នុងកម្មវិធី Photos ស្រាប់តែម្ដង។

បើសិនជាប្រិយមិត្តអ្នកអាន នៅមិនទាន់ប្រទះឃើញមុខងារថ្មីមួយនេះទេ ដូច្នេះអាចរង់ចាំរហូតដល់ចុងខែនេះបាន ដោយក្រុមហ៊ុន Apple និង Microsoft នឹងបញ្ចេញឲ្យអ្នកប្រើប្រាស់ឲ្យបានគ្រប់គ្នាមិនខាន។ គួរបញ្ជាក់ផងថា សម្រាប់កម្មវិធី Photos នៅលើ Windows 10 គឺមិនអាចដំណើរការបាននោះទេ។

ប្រភព ៖ Microsoft
អត្ថបទទាក់ទង