MediaTek ប្រាប់ថា ភាគរយនៃការផ្លាស់ប្ដូរទីតាំងផលិតឈីបចេញពីតៃវ៉ាន់ កំពុងតែមានការកើនឡើង
ដោយ​ ៖ ឡេង | 3 សប្ដាហ៍មុន SHARE

 

Taiwan Semiconductor Manufacturing Co. Ltd. (TSMC) ស្ថិតនៅកោះតៃវ៉ាន់ ជាទីកន្លែងដ៏សំខាន់បំផុត ទៅលើការផលិតបន្ទះឈីប សម្រាប់ឧបករណ៍ប្រើប្រាស់ទូទាំងពិភពលោក។ យ៉ាងណាក៏ដោយ ព្រោះតែបញ្ហារវាងប្រទេសចិន, សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ គឺកំពុងតែធ្វើឲ្យក្រុមហ៊ុនជាច្រើន នាំគ្នាដកខ្លួនចេញពីកោះតៃវ៉ាន់ ដើម្បីទៅផលិតនៅប្រទេសផ្សេងវិញ។

កាលពីពេលថ្មីៗនេះ លោក Rick Tsai ដែលត្រូវជា CEO ប្រចាំ MediaTek ផ្ទាល់ បានលើកឡើងមកថា ក្រុមហ៊ុនផលិតទូរសព្ទស្មាតហ្វូនមួយចំនួន ចង់ឲ្យផ្លាស់ប្ដូរទីតាំងចេញពីកោះតៃវ៉ាន់ ដោយសារតែ អាចកើតមានបញ្ហាប៉ះពាល់ដល់ពួកគេ នៅក្នុងថ្ងៃខាងមុខទៅ។ គាត់ក៏បានបន្ថែមទៀតថា នាពេលបច្ចុប្បន្ននេះ គម្រោងផ្លាស់ប្ដូរគឺកំពុងតែចាប់ផ្ដើមហើយ ប៉ុន្ដែជាទ្រង់ទ្រាយខ្នាតតូចប៉ុណ្ណោះ។ ហាក់បីដូចជា របាយការណ៍មួយបានចង្អុលបង្ហាញថា TSMC នឹងចាប់ផ្ដើមផលិតឈីប 3nm ជំនាន់ក្រោយរបស់ពួកគេ នៅក្នុងសហរដ្ឋអាមេរិកវិញ បន្ទាប់ពីរោងចក្រនឹងសាងសង់រួច នៅក្នុងអំឡុងឆ្នាំ 2024 ខាងមុខនេះ។

ជាការពិតណាស់ ក្រុមហ៊ុនផលិតទូរសព្ទ ក៏ដូចជាក្រុមហ៊ុនផលិតឈីប នឹងមិនអាចប៉ះបង់កោះតៃវ៉ាន់ទាំងស្រុងបានភ្លាមៗនោះទេ ប៉ុន្ដែពួកគេកំពុងតែត្រៀមខ្លួនជាបណ្ដើរៗហើយ ប្រសិនបើស្ថានភាពរវាងប្រទេសចិន និងកោះតៃវ៉ាន់ កាន់តែលំបាកទៅៗ នៅក្នុងពេលអនាគត។

ប្រភព ៖ MediaTek
អត្ថបទទាក់ទង