លទ្ធផលពិន្ទុធ្វើតេស្ដដំបូងរបស់ Snapdragon 8 Gen 2 ប្រទះឃើញនៅទាបជាង A16 Bionic
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

កាលពីពេលថ្មីៗនេះ Qualcomm បានធ្វើការប្រកាសចេញឈីបកំពូល Snapdragon 8 Gen 2 ជាផ្លូវការ សម្រាប់បំពាក់នៅលើស្មាតហ្វូនកំពូលៗ ដែលត្រៀមចេញនៅចុងឆ្នាំ 2022 នេះ រហូតដល់ចុងឆ្នាំ 2023 តែម្ដង។ ដោយឡែក បើយោងតាមពិន្ទុធ្វើតេស្ដ Benchmark ផ្នែកកម្លាំងម៉ាស៊ីន បានចង្អុលបង្ហាញឲ្យឃើញថា ឈីប A16 Bionic ប្រើប្រាស់នៅលើ iPhone 14 Pro/Pro Max ក្នុងឆ្នាំនេះ នៅមានប្រៀបជាងផងដែរ។

ទោះបីជាស្មាតហ្វូនជាមួយនឹងឈីប Snapdragon 8 Gen 2 នៅមិនទាន់មានលក់ជាផ្លូវការក៏ពិតមែន ប៉ុន្ដែចាប់ផ្ដើមត្រូវបានប្រទះឃើញ យកទៅធ្វើតេស្ដនៅលើ Geekbench ជាបណ្ដើរៗហើយ។ សម្រាប់លទ្ធផលថ្មីៗនេះ បានដាក់បង្ហាញឲ្យឃើញថា ឈីបកំពូលថ្មីរបស់ Qualcomm គឺទទួលបាន 1,485 ពិន្ទុលើផ្នែក Single-Core និងនៅលើផ្នែក Multi-Core ទទួលបាន 4,739 ពិន្ទុ។

មូលហេតុដែលថា ឈីប A16 នៅមានកម្លាំងខ្លាំងជាង នោះដោយសារតែ ឈីបនៅលើ iPhone 14 Pro/Pro Max នោះ ទទួលបាន 1,874 ពិន្ទុលើផ្នែក Single-Core និងទទួលបាន 5,371 ពិន្ទុនៅលើផ្នែក Multi-Core ថែមទៀតផង។

ចំណែកឯឈីប A15 ដែលមាននៅ iPhone 13 Series ក៏ដូចជា iPhone 14/14 Plus វិញ គឺប្រហាក់ប្រហែលគ្នាទៅនឹង Snapdragon 8 Gen 2 ដែរ ជាមួយនឹងពិន្ទុចំនួន 1,739 លើផ្នែក Single-Core និងនៅលើផ្នែក Multi-Core ទទួលបានពិន្ទុ 4,790 បើយោងតាម Geekbench ដដែល។

ជាការពិតណាស់ នេះគ្រាន់តែលទ្ធផលដំបូងរបស់ Snapdragon 8 Gen 2 ប៉ុណ្ណោះ ដោយនៅពេលដែលមានស្មាតហ្វូន ធ្វើការដាក់លក់លើទីផ្សារជាផ្លូវការ នោះយើងនឹងអាចដឹងបានកាន់តែច្បាស់ថែមទៀត ថាតើលទ្ធផលដំបូងនេះ ត្រឹមត្រូវពិតប្រាកដនោះទេ។

ប្រភព ៖ Geekbench
អត្ថបទទាក់ទង