ឈីបកំពូល Exynos អាចត្រឡប់មកវិញនៅក្នុងឆ្នាំ 2025 ជាមួយសមត្ថភាពខ្ពស់ម្ដងទៀត
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

ប្រិយមិត្តអ្នកតាមដានព័ត៌មានបច្ចេកវិទ្យា ប្រាកដជាបានដឹងរួចមកហើយថា ប៉ុន្មានឆ្នាំចុងក្រោយនេះ Samsung បានដកបន្ទះឈីប Exynos ពីទូរសព្ទលំដាប់កំពូលរបស់ខ្លួន ដោយសារតែសមត្ថភាពឈីបនៅមានកម្រិត រួចសម្រេចចិត្តប្ដូរទៅប្រើប្រាស់ឈីប Snapdragon ស្ទើរតែទាំងស្រុងវិញ។ យ៉ាងណាមិញ ប្រសិនបើដំណឹងលេចធ្លាយលើកនេះត្រឹមត្រូវមែន ដូច្នេះ Samsung កំពុងត្រៀមនាំយកឈីប Exynos លំដាប់កំពូលត្រឡប់មកវិញ ជាមួយកម្លាំងអាចប្រៀបធៀបជាមួយគូប្រជែងបាន។

បើយោងតាមប្រភពមួយ នៅប្រទេសកូរ៉េខាងត្បូង ដែលផ្សព្វផ្សាយចេញពីគណនីឈ្នោះ OreXda នៅលើ Twitter បានបង្ហើបឲ្យដឹងថា Samsung នឹងនាំយកឈីបកំពូល Exynos មកវិញនៅអំឡុងឆ្នាំ 2025 តទៅ គ្រោងនឹងត្រូវជា Galaxy S25 Series ផងដែរ។ ជាការពិតណាស់ បន្ទះឈីប Exynos កំពូលៗរបស់ Samsung ហាក់បីដូចជា ស្ថិតនៅពីក្រោយឈីបកំពូលៗ របស់ក្រុមហ៊ុនដទៃទៀត ដូច្នេះហើយបានជាត្រូវការពេលសិក្សាឡើងវិញ ដោយតាមរយៈការផ្អាកចេញមួយរយៈសិន។ Samsung ទំនងជាបន្ដសហការជាមួយ Google ទៅលើការបង្កើតឈីប Tensor ជំនាន់ក្រោយៗ ក៏ដូចជាបន្ដសហការជាមួយនឹង AMD ទៅលើផ្នែក GPU សម្រាប់ស្មាតហ្វូនថែមទៀតផង។

អ៊ីចឹងហើយបានជា Samsung សម្រេចចិត្ដធ្វើការផ្អាកប្រើប្រាស់ឈីប Exynos នៅលើ Galaxy S Series ប៉ុន្មានឆ្នាំសិន ដោយទាល់តែមានសមត្ថភាពខ្ពស់ឡើងវិញ ទើបចាប់ផ្ដើមដាក់ឲ្យអ្នកប្រើប្រាស់ម្ដងទៀត។

ប្រភព ៖ OreXda
អត្ថបទទាក់ទង