Qualcomm ប្រកាសចេញ Snapdragon 782G ជាឈីបជំនាន់ថ្មីសម្រាប់ស្មាតហ្វូនលំដាប់មធ្យម
ដោយ​ ៖ ឡេង | 1 សប្ដាហ៍មុន SHARE

 

បន្ទាប់ពីបានប្រកាសចេញបន្ទះឈីបកំពូល Snapdragon 8 Gen 2 រួចមក ដោយពេលថ្មីៗនេះ Qualcomm ក៏បានប្រកាសចេញបន្ទះឈីបលំដាប់មធ្យមថ្មីមួយទៀត ដែលមានឈ្មោះហៅថា Snapdragon 782G ផងដែរ។ ចំពោះឈីបលំដាប់មធ្យមជំនាន់ថ្មីនេះ គឺត្រូវបានបន្ដជំនាន់បន្ទាប់មកពី Snapdragon 778G+ តែម្ដង។

Qualcomm Snapdragon 782G ភ្ជាប់មកជាមួយនឹង CPU Octa-Core រួមបញ្ចូលគ្នាជាមួយ Core ប្រភេទ ARM Cortex-A78 កម្លាំងខ្លាំង 2.7GHz ចំនួន 1 ក៏ដូចជា Core ប្រភេទ Cortex-A78 កម្លាំង 2.2GHz ចំនួន 3 និង Core ប្រភេទជួយសន្សំថាមពល Cortex-A55 កម្លាំង 1.9GHz ចំនួន 4 នៅក្នុងនោះ។ បន្ទះឈីបលំដាប់មធ្យមថ្មីនេះមានទំហំ 6nm ជាមួយ GPU ប្រភេទ Adreno 642L ដែលត្រូវបាន Qualcomm លើកឡើងមកថា វាមានកម្លាំង CPU ខ្លាំងជាងមុន 5% និងកម្លាំង GPU ខ្លាំងជាងមុន 10% បើប្រៀបធៀបទៅនឹងឈីប Snapdragon 778G+ កន្លងទៅ។

លើសពីនេះទៅទៀត វាអាចគាំទ្រអេក្រង់ FHD+ នៅក្នុងកម្រិត 144Hz ឬអេក្រង់ 4K នៅក្នុងកម្រិត 60Hz បាន ហើយអាចផ្ទុកចំនួន RAM LPDDR5 បានរហូតដល់ 16GB និងគាំទ្រ UFS 3.1 ថែមទៀតផង។ បើទៅលើផ្នែកកាមេរ៉ាវិញ Snapdragon 782G អាចប្រើប្រាស់សេនស័រកាមេរ៉ាបានដល់ 200MP, អាចថតវីដេអូ 4K HDR បាន, គាំទ្រ Wi-Fi 6/6E, Bluetooth 5.2 និងម៉ូដឹម 5G ប្រភេទ Snapdragon X53 រួចជាស្រេច។

នាពេលបច្ចុប្បន្ននេះ យើងប្រទះឃើញ HONOR 80 ដែលចេញកាលពីពេលថ្មីៗនេះ បានប្រើប្រាស់បន្ទះឈីប Snapdragon 782G នេះមុនដំបូងគេមួយ ហើយស្មាតហ្វូនលំដាប់មធ្យមស៊េរីក្រោយៗទៀត នឹងអាចឃើញប្រើប្រាស់បន្ទះឈីបថ្មីនេះដែរជាក់ជាមិនខាន។

ប្រភព ៖ Qualcomm
អត្ថបទទាក់ទង