បង់បិតដំបៅឆ្លាតវៃនេះ សន្យាថានឹងអាចព្យាបាលមុខរបួសបានលឿនជាងមុន
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

របកគំហើញថ្មីមួយត្រូវបានចុះផ្សាយដោយ Nature Biotechnology បានឲ្យឃើញពីបង់បិតដំបៅឆ្លាតវៃ ដែលសន្យាថាអាចព្យាបាលមុខរបួសបានលឿនជាងមុន រហូតដល់ទៅ 25% ឯណោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា បង់បិទដំបៅ ឬបង់បិទរបួសនេះ ត្រូវបានបំពាក់ដោយឈីប និងសេនស័រឥតខ្សែ ដោយមិនចាំបាច់បញ្ចូលថ្មថែមទៀតផង។

នេះជាការសិក្សារបស់សាស្ត្រាចារ្យម្នាក់ នៅសាកលវិទ្យាល័យ Stanford ដែលត្រូវជាលោក Yuanwen Jiang និងជាអ្នកដឹកនាំការស្រាវជ្រាវនេះផ្ទាល់តែម្ដង។ នាពេលបច្ចុប្បន្ននេះ ការស្រាវជ្រាវកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក ហើយត្រូវបានធ្វើតេស្ដនៅលើសត្វកណ្ដុរ ដែលត្រូវបានបង់បិតរបួសឆ្លាតវៃនេះ។ រៀងរាល់ទិន្នន័យរបស់របួស គឺត្រូវបានផ្ញើចូលទៅកាន់ស្មាតហ្វូនបានភ្លាមៗ ដោយមិនចាំបាច់ត្រូវការដោតតាមខ្សែនោះទេ។

សាស្ត្រាចារ្យ Yuanwen Jiang បានលើកឡើងមកថា លទ្ធផលនៃការសិក្សាបានបង្ហាញថា បង់បិតដំបៅឆ្លាតវៃនេះ អាចជួយព្យាបាលរបួសបានខ្ទង់ 25% លឿនជាងមុន និងផ្ដល់ជូនឱកាសឲ្យស្បែកត្រឡប់ទៅដូចដើមវិញខ្ទង់ 50% ល្អជាងបង់បិតដំបៅធម្មតាផងដែរ។

ដោយសារតែ បង់បិតដំបៅឆ្លាតវៃនេះ កំពុងស្ថិតនៅដំណាក់កាលសាកល្បងនៅឡើយ ដូច្នេះយើងមិនទាន់អាចរកទិញ ដើម្បីយកមកបិតរបួសបាននៅឡើយទេ។ សង្ឃឹមថាការសិក្សានេះ ដំណើរការបានរលូនដូចការរំពឹងទៅចុះ ដូច្នេះយើងក៏នឹងអាចឃើញមាន ដាក់លក់នៅលើទីផ្សារបានឆាប់ៗដូចគ្នា។

ប្រភព ៖ Nature Biotechnology
អត្ថបទទាក់ទង