បុគ្គលិករោងចក្រផលិត iPhone ខ្នាតធំជាងគេនៅប្រទេសចិន បានបន្ដនាំគ្នាឈប់ជាច្រើនពាន់នាក់
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ទោះបីជាស្ថានភាពវីរុសកូវីដនៅក្នុងប្រទេសកម្ពុជាយើង បានត្រឡប់មកស្ថានភាពល្អគ្រាន់បើវិញហើយក៏ដោយ ប៉ុន្ដែកាលពីពេលថ្មីៗនេះ នៅទីក្រុងហ្សេងចូវ ប្រទេសចិន បែរជាបានចាប់ផ្ដើមកើតឡើងវិញយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះហើយបណ្ដាលឲ្យក្រុមហ៊ុន Foxconn ពិបាកនឹងគ្រប់គ្រងបុគ្គលិករបស់ខ្លួន និងនាំយកបុគ្គលិករាប់ពាន់នាក់ សម្រេចឈប់ពីការងារតែម្ដង។

Foxconn ដែលជាក្រុមហ៊ុនធំបង្អស់មួយ ទៅលើការផលិត iPhone សម្រាប់ចែកចាយទូទាំងពិភពលោក ហេតុនេះហើយ ក៏កំពុងធ្វើឲ្យ Apple ខ្វះស្ដុកថ្មីៗ សម្រាប់លក់ជូនអតិថិជនដូចគ្នា។ ដំបូងឡើយ Foxconn បានសូមអភ័យទោសទៅកាន់បុគ្គលិកមួយចំនួន ដែលពួកគេមិនបានបង់ប្រាក់ខែឲ្យតាមពេលកំណត់ ខណៈពេលដែលវីរុសកូវីដកំពុងវាយលុកខ្លាំងម្ដងទៀត ហើយម្នាក់ៗកំពុងត្រូវការថវិកាស្រាប់ផង។

បន្ទាប់មក Foxconn ក៏បានផ្ដល់ប្រាក់ឲ្យអ្នកកំពុងតវ៉ាម្នាក់ៗចំនួន 1,400 ដុល្លារ ដើម្បីឲ្យចាកចេញពីកន្លែងតវ៉ា និងបញ្ឈប់​រឿងនេះតែម្ដង។ បើយោងទៅតាមរបាយការណ៍បានឲ្យដឹងថា បុគ្គលិកចំនួនខ្ទង់ 2 ម៉ឺននាក់ បានទទួលយកប្រាក់សំណើនោះ ហើយក៏ឈប់ពីកន្លែងការងារនោះតែម្ដង។ គួរបញ្ជាក់ផងដែរថា មុននឹងមានបញ្ហានេះកើតឡើង ក្រុមហ៊ុន Foxconn មានបុគ្គលិកសរុបចំនួនខ្ទង់ 20 ម៉ឺននាក់។

ដោយសារតែបញ្ហានេះហើយ Apple ក៏បានលើកឡើងមកថា ការផលិត iPhone នឹងទទួលបានចំនួនតិចជាងមុនមួយរយៈសិន រហូតដល់ស្ថានភាពត្រឡប់មកដូចដើមវិញ។ យ៉ាងណាមិញ Apple មិនបាននិយាយអំពីគម្រោងដំឡើងតម្លៃ iPhone នោះទេ ទោះបីជាកំពុងខ្វះស្ដុកក៏ដោយ។

ប្រភព ៖ Foxconn
អត្ថបទទាក់ទង