Apple បានផ្អាកការផ្សព្វផ្សាយពាណិជ្ជកម្មមួយផ្នែកធំនៅលើ Twitter ហើយ
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ Apple បានផ្អាកការផ្សព្វផ្សាយពាណិជ្ជកម្ម ជាលក្ខណៈទ្រង់ទ្រាយធំ នៅលើបណ្ដាញសង្គម Twitter របស់លោក Elon Musk និងធ្វើឲ្យគាត់មានចម្ងល់យ៉ាងខ្លាំង។ សម្រាប់ចម្ងល់នោះគឺថា លោក Elon Musk ទិញ Twitter ដើម្បីគាំទ្រការ​និយាយ​ដោយ​សេរី ឬហៅថា Free Speech ដោយនរណាម្នាក់ក៏មានសិទ្ធិក្នុងការបញ្ចេញមតិខុសៗគ្នាបាន និងគ្មានការហាមឃាត់ឡើយ។

យ៉ាងណាក៏ដោយ មនុស្សភាគច្រើនមិនសូវគាំទ្រគំនិតនេះឡើយ ដោយសារតែលោក Elon Musk បានអនុញ្ញាតឲ្យលោក Donald Trump ត្រឡប់មកប្រើប្រាស់ Twitter បានធម្មតាវិញ បន្ទាប់ពីគាត់ត្រូវបានហាមឃាត់ Banned ចេញពីបណ្ដាញសង្គមទាំងអស់។ រហូតមកដល់ពេលថ្មីៗនេះ Apple ក៏បានចូលរួមដកការផ្សព្វផ្សាយពាណិជ្ជកម្មដែរ ព្រមទាំងព្រមានថានឹងអាចដកកម្មវិធី Twitter ចេញពី App Store ថែមទៀតផង។ ដោយឡែក លោក Elon Musk បានបន្ថែមថា Apple មិនបានប្រាប់ពីមូលហេតុច្បាស់លាស់សោះឡើយ ថាហេតុអ្វីបានជាសម្រេចចិត្តធ្វើបែបនេះ។

លោក Elon Musk ថែមទាំងបានសាកសួរទៅកាន់លោក Tim Cook ជាសាធារណៈដោយផ្ទាល់ នៅលើបណ្ដាញសង្គម Twitter នេះវិញ ដើម្បីចង់ដឹងចម្លើយឲ្យច្បាស់លាស់ ប៉ុន្ដែលោក Tim Cook មិនទាន់បានឆ្លើយតបមកវិញនោះទេ។

ប្រភព ៖ Elon Musk
អត្ថបទទាក់ទង