Apple កាន់កាប់ទីផ្សារនាឡិកាឆ្លាតវៃបាន 50.6% ខ្ពស់ជាងគេកាលពីត្រីមាសទី 3 ឆ្នាំ 2022 នេះ
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

នាឡិកាឆ្លាតវៃពិតជាកាន់តែពេញនិយមខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ ដោយវាមានផ្ដល់ជូនមុខងារសំខាន់ៗ ដើម្បីតាមដានសុខភាពរបស់អ្នកពាក់បាន ដូចជាជួយតាមដានជំហានដើរក្នុងមួយថ្ងៃៗ, តាមដានលំហាត់ប្រាណ ក៏ដូចជាតាមដានរយៈពេលដំណេកប្រចាំថ្ងៃ ជាដើម។ បើមើលទៅលើទិន្នន័យថ្មីដកស្រង់ដោយ Counterpoint Research បានបង្ហាញឲ្យឃើញថា អ្នកប្រើប្រាស់ភាគច្រើនចូលចិត្តពាក់នាឡិកា Apple Watch ជាងគេ ទូទាំងពិភពលោក។

ជាការពិតណាស់ បើទិន្នន័យនេះមានភាគរយត្រឹមត្រូវច្រើន ដូច្នេះហើយ Apple Watch គឺពេញនិយមជាងគេ នៅក្នុងចំណោមនាឡិកាឆ្លាតវៃទាំងអស់ នៅលើទីផ្សារត្រីមាសទី 3 ឆ្នាំ 2022 កន្លងទៅនេះ។ ការបង្ហាញលទ្ធផលនោះត្រូវបានបែងចែកជា 2 ផ្នែក ដោយរួមមានផ្នែក HLOS ជាផ្នែកនាឡិកាឆ្លាតវៃលំដាប់ខ្ពស់មួយ និងផ្នែក Basic ជាផ្នែកនាឡិកាឆ្លាតវៃលំដាប់សាមញ្ញបំផុត។

ដូចបានបង្ហាញនៅលើតារាងខាងក្រោមនេះអ៊ីចឹង សម្រាប់ផ្នែក HLOS ជាមួយនាឡិកាឆ្លាតវៃពី Apple អាចកាន់កាប់ទីផ្សារបានខ្ទង់ 50.6% លើសគេតែម្ដង។ បន្ទាប់ពីនោះទៀតគឺទទួលបានទៅលើ Samsung ចំនួនខ្ទង់ 22.3%, Amazfit ចំនួនខ្ទង់ 7.1%, HUAWEI ចំនួនខ្ទង់ 6.4%, Garmin ចំនួនខ្ទង់ 4.5% និងផ្សេងៗទៀត។

ចំណែកឯផ្នែក Basic វិញ តារាងកំពូលៗបានទៅលើម៉ាក Noise ជាមួយចំនួនខ្ទង់ 25.2%, Fire-Boltt ចំនួនខ្ទង់ 24.6%, boAt ចំនួនខ្ទង់ 16.8%, Xiaomi ចំនួនខ្ទង់ 4.2%, HUAWEI ចំនួន 3.2% និងផ្សេងៗទៀត។

គួរបញ្ជាក់ផងថា សម្រាប់ម៉ាកនាឡិកាឆ្លាតវៃល្បីៗទាំង 3 នៅលើផ្នែក Basic គឺដោយសារតែទទួលបាន ការពេញនិយមពីអ្នកប្រើប្រាស់ នៅក្នុងទីផ្សារប្រទេសឥណ្ឌា។ តើប្រិយមិត្តអ្នកអានទាំងអស់គ្នា កំពុងពាក់នាឡិកាឆ្លាតវៃពីម៉ាកមួយណាដែរ? ឬក៏មិនចំណាប់អារម្មណ៍លើនាឡិកាឆ្លាតវៃនោះទេ?

ប្រភព ៖ Counterpoint Research
អត្ថបទទាក់ទង