OnePlus សន្យាថានឹងបន្ថែមកំណែអាប់ដេត OS ឡើងដល់ 4 ឆ្នាំ សម្រាប់ស្មាតហ្វូនស៊េរីឆ្នាំ 2023 មួយចំនួន
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ស្មាតហ្វូនកាន់តែទំនើបទៅៗពីមួយឆ្នាំទៅមួយឆ្នាំ មិនថាទៅលើផ្នែកមុខងារប្រើប្រាស់ ឬក៏ល្បឿនកម្លាំងម៉ាស៊ីននោះទេ ប៉ុន្ដែការទទួលបានកំណែអាប់ដេតតិចឆ្នាំពេក ក៏អាចធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួន លែងចង់បន្ដប្រើប្រាស់ទៀតដែរ ទោះបីជាស្មាតហ្វូននោះនៅមានកម្លាំង អាចដំណើរការបានគ្រប់គ្រាន់នៅឡើយក៏ដោយ។ ហេតុដូច្នេះហើយ OnePlus ក៏នឹងចូលរួមជាមួយ Samsung ដែរ ដោយសន្យាផ្ដល់ជូនកំណែអាប់ដេត Android OS រហូតដល់ទៅ 4 ឆ្នាំ ចាប់ផ្ដើមស្មាតហ្វូនមួយចំនួន ដែលគ្រោងនឹងចេញលក់ពីឆ្នាំ 2023 តទៅ។

កាលពីពេលមុនៗមក OnePlus បានផ្ដល់ជូនកំណែអាប់ដេត OS សរុបរយៈពេល 3 ឆ្នាំ បន្ទាប់ពីស្មាតហ្វូននោះដាក់លក់លើទីផ្សារ ដោយនៅអំឡុងឆ្នាំ 2023 ខាងមុខនេះ នឹងទទួលបានចំនួន 1 ឆ្នាំបន្ថែមទៀត។ OnePlus អាចនឹងផ្ដល់ជូនកំណែអាប់ដេត OS សរុបរយៈពេល 4 ឆ្នាំ ទៅឲ្យម៉ូឌែលលំដាប់កំពូលៗដូចជាត្រកូល OnePlus 11 Series និងត្រកូល OnePlus 11T Series ជាដើម។ ចំណែកឯម៉ូឌែលលំដាប់មធ្យម ឬក៏លំដាប់ថវិកា គឺអាចនៅបន្ដទទួលបានរយៈពេល 2 ទៅ 3 ឆ្នាំនៃកំណែអាប់ដេត OS ដដែល។

គួរបញ្ជាក់ផងថា សូម្បីតែ Google ផ្ទាល់ ក៏ផ្ដល់ជូនកំណែអាប់ដេតទៅឲ្យត្រកូល Pixel ត្រឹមរយៈពេល 3 ឆ្នាំប៉ុណ្ណោះ និងមានតែ Samsung ដែលកំពុងផ្ដល់ជូនឲ្យរយៈពេលដល់ 4 ឆ្នាំនៅក្នុងពេលបច្ចុប្បន្ននេះ។

ប្រភព ៖ OnePlus
អត្ថបទទាក់ទង