កញ្ចក់ការពារ Corning Gorilla Glass Victus 2 អះអាងថានឹងអាចធ្លាក់លើបេតុងពីកម្ពស់ 1 ម៉ែត្របាន
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ក្រុមហ៊ុន Corning ដែលបង្កើតកញ្ចក់ការពារដ៏ពេញនិយម សម្រាប់បំពាក់លើស្មាតហ្វូនជាច្រើនប្រភេទ បានធ្វើការប្រកាសប្រាប់ថ្មីៗនេះថា កញ្ចក់ការពារជំនាន់ក្រោយរបស់ពួកគេ ដែលត្រូវជា Gorilla Glass Victus 2 នឹងអាចការពារពីការធ្លាក់បានកាន់តែល្អប្រសើរថែមទៀត។ សម្រាប់ការអះអាងដំបូងរបស់គេនោះគឺថា Gorilla Glass Victus 2 អាចធ្លាក់លើផ្ទៃរឹងខ្លាំងដូចជាបេតុង បានដល់ទៅកម្ពស់ 1 ម៉ែត្រ ដោយមិនចោទជាបញ្ហាឡើយ។

លើសពីនេះទៅទៀត Corning ក៏បានបន្ថែមទៀតថា សម្រាប់នៅលើផ្លូវកៅស៊ូវិញ Gorilla Glass Victus 2 នឹងអាចការពារបានកម្ពស់ 2 ម៉ែត្រឯណោះ។ ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ស្មាតហ្វូនជាមួយកញ្ចក់ Gorilla Glass Victus 2 នឹងអាចទុកចិត្តបានច្រើនជាងមុន សម្រាប់អ្នកឧស្សាហ៍ធ្លាក់ទូរសព្ទច្រើនដង។ ចំណែកឯផ្នែកការពារលើស្នាមឆ្កូត គឺមានសមត្ថភាពការពារដូចគ្នាទៅនឹងជំនាន់ Gorilla Glass Victus ដំបូងកាលពីអំឡុងឆ្នាំ 2020 ដដែល គ្រាន់តែពង្រឹងលើផ្នែកធ្លាក់ ឲ្យកាន់តែរឹងមាំជាងមុនបន្ថែមទៀត។

យ៉ាងណាក៏ដោយ Corning មិនទាន់បានប្រាប់នៅឡើយទេថា ស្មាតហ្វូនស៊េរីថ្មីៗណាមួយខ្លះ នឹងបំពាក់កញ្ចក់ Gorilla Glass Victus 2 នេះ ដោយគ្រាន់តែបង្ហើបឲ្យដឹងថា នឹងចាប់ផ្ដើមឃើញមានចាប់ផ្ដើមពីដើមឆ្នាំ 2023 តទៅ។

ប្រភព ៖ Corning
អត្ថបទទាក់ទង