មុខងារផ្កាយរណប SOS នៅលើ iPhone 14 Series ជួយបានមនុស្សម្នាក់ហើយ
Apple បានប្រកាសចេញនូវមុខងារពិសេសថ្មី ដែលមានឈ្មោះហៅថា Emergency SOS Via Satellite ឬត្រូវជាមុខងារជួយសង្គ្រោះតាមរយៈប្រព័ន្ធផ្កាយរណប ទោះបីជាទូរសព្ទ iPhone 14 Series គ្មានសេវាក៏ដោយ។ រហូតមកដល់ពេលថ្មីៗនេះ ក៏មានរបាយការណ៍មួយថា នៅខាងរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក អាចជួយបុរសម្នាក់បាន ក្រោយពីគាត់ប្រើប្រាស់មុខងារថ្មីមួយនេះ ដើម្បីហៅជំនួយផងដែរ។
ហេតុការនោះគឺកើតឡើង នៅអំឡុងពេលដែលគាត់ធ្វើដំណើរការ ពីតំបន់មួយទៅតំបន់មួយទៀត តាមរយៈការបើកបរជាមួយម៉ូតូសម្រាប់ជិះលើព្រិលរបស់គាត់ ប៉ុន្ដែក៏ត្រូវបានជាប់ក្នុងទឹកកកក ហើយមិនអាចបើកបរទៅមុខបានតទៅទៀត។ គ្រាន់តែមានបញ្ហានេះភ្លាម គាត់ក៏បានបើកមុខងារផ្កាយរណប SOS នៅលើ iPhone 14 របស់គាត់ រួចធ្វើការខលហៅជំនួយ ទៅកាន់ទាហានប្រចាំរដ្ឋអាឡាស្កាតែម្ដង។ ដោយសារតែនៅតំបន់ទឹកកក មិនមានសេវាទូរសព្ទ ដូច្នេះហើយមានតែផ្កាយរណបប៉ុណ្ណោះ ដែលអាចធ្វើការទំនាក់ទំនងគ្នាបាន។
គួរបញ្ជាក់ផងថា នាពេលបច្ចុប្បន្ននេះ មុខងារផ្កាយរណប SOS គឺមានតែនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាប៉ុណ្ណោះ ជាមួយការប្រើប្រាស់បានដោយឥតគិតថ្លៃ នៅក្នុងរយៈពេល 2 ឆ្នាំដំបូង។ យ៉ាងណាមិញ សង្ឃឹមថា Apple នឹងបើកដំណើរការមុខងារឲ្យកាន់តែធំទូលាយ ក៏ដូចជាបើកដំណើរការសម្រាប់ប្រទេសកម្ពុជាយើងដែរទៅចុះ។