រូបភាពថ្មីរបស់ OnePlus 11 នេះ ត្រូវបានអះអាងថាជារូប Render ផ្លូវការ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

កាលពីរយៈពេល 3 ខែកន្លងទៅមុននេះ យើងបានឃើញនូវ រូបភាពលេចធ្លាយដំបូងរបស់ OnePlus 11 ដែលបង្ហាញអំពីការឌីហ្សាញផ្នែកខាងក្រោយ ជាមួយស៊ុមកាមេរ៉ាលក្ខណៈរង្វង់។ ចំណែកឯមកដល់ពេលថ្មីៗនេះ រូបភាព Render ថ្មីមួយទៀត ក៏ត្រូវបានចែករំលែកដោយប្រភព OnLeaks ម្ដងទៀត ហើយក៏បានអះអាងមកថា ជារូបភាពផ្លូវការចេញពី OnePlus តែម្ដង។

ទោះបីជា OnePlus មិនទាន់បានប្រកាសពីវត្តមានរបស់ OnePlus 11 យ៉ាងណាក៏ដោយ ប៉ុន្ដែរូបភាព Render ថ្មីនេះ ក៏នៅតែអាចលេចចេញពីប្រភពផ្ទៃក្នុងបានដដែល។ បើយោងតាមរូបភាពថ្មីៗនេះ គឺបានលាតត្រដាងពីជម្រើសពណ៌ចំនួន 2 របស់ OnePlus 11 ដោយរួមមានជម្រើសពណ៌ខ្មៅ និងពណ៌បៃតង។ កាន់តែពិសេស យើងក៏ឃើញមានវត្តមានរបស់ Alert Slider ដែលជាកន្លែងសម្រាប់បិទបើកសំឡេង Silent ប្រចាំត្រកូលរបស់ OnePlus ផ្ទាល់។

ចំពោះស៊ុមកាមេរ៉ាខាងក្រោយ គឺមានរូបរាងបែបរង្វង់ ជាមួយពាក្យ Hasselblad នៅចំកណ្ដាលនៃកាមេរ៉ាចំនួន 3 គ្រាប់ និងភ្លើង Flash LED ផងដែរ។ ការឌីហ្សាញស៊ុមកាមេរ៉ាខាងក្រោយនេះ ក៏មានលក្ខណៈបែបលាយចូលគ្នា ជាមួយចំហៀងតួខ្លួនតែម្ដង ហាក់បីដូចជាឃើញមាននៅលើ Galaxy S22 Series និង S23 Series ដែរ។

OnePlus បានបញ្ជាក់ជាផ្លូវការហើយថា OnePlus 11 នឹងបំពាក់បន្ទះឈីបកំពូល Snapdragon 8 Gen 2 ប៉ុន្ដែមិនទាន់បានប្រាប់ពីលក្ខណៈសម្បត្តិផ្សេងៗទៀត ក៏ដូចជាថ្ងៃប្រកាសចេញជាផ្លូវការនៅឡើយទេ។ យ៉ាងណាមិញ OnePlus 11 ទំនងជាប្រកាសចេញនៅដើមឆ្នាំ 2023 ខាងមុខនេះ បើសិនបើដូចជាការប្រកាសចេញ OnePlus 10 Pro កាលពីអំឡុងខែមករា 2022 កន្លងទៅនេះ។

ប្រភព ៖ OnLeaks
អត្ថបទទាក់ទង