Apple ចង់ពន្លឿនការដកផលិតកម្មដំឡើងចេញពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌានិងវៀតណាមបន្ថែមទៀត
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

បើយោងតាមរបាយការណ៍ពី WSJ និង CNBC សហរដ្ឋអាមេរិក បានចុះផ្សាយឲ្យដឹងថា គម្រោងដកផលិតកម្មដំឡើងចេញពីប្រទេសចិន កំពុងត្រូវបានរៀបចំលឿនជាងមុន ពីព្រោះតែបញ្ហាកើតឡើងនៅប្រទេសចិន កាលពីពេលថ្មីៗនេះ។ ចំពោះទិសដៅរបស់ Apple នាពេលបច្ចុប្បន្ននេះ គឺផ្លាស់ប្ដូរទីតាំងរោងចក្រទៅកាន់ ប្រទេសឥណ្ឌា និងប្រទេសវៀតណាមបន្ថែមទៀត។

របាយការណ៍ដដែលបានប្រាប់ថា Apple កំពុងតែបន្ថែមចំនួនដំឡើង iPad ពីលើចំនួនដំឡើង iPhone នៅប្រទេសឥណ្ឌា ក៏ដូចជាបន្ថែមចំនួនដំឡើង Apple Watch និង AirPods នៅប្រទេសវៀតណាម។ ជាការពិតណាស់ ការប៉ះពាល់គ្នារវាង ប្រទេសចិននិងសហរដ្ឋអាមេរិក បានកើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្ដែហាក់បីដូចជា មិនល្អឡើងវិញសោះនោះឡើយ។ ហេតុដូច្នេះហើយ ដើម្បីកុំឲ្យប៉ះពាល់ដល់ក្រុមហ៊ុនរបស់ខ្លួន នៅក្នុងថ្ងៃខាងមុខៗទៀត ទើបបានជាក្រុមហ៊ុនសហរដ្ឋអាមេរិកជាច្រើន បានសម្រេចចិត្តដកខ្លួនចេញពីប្រទេសចិនបន្ដិចម្ដងៗបែបនេះ។

លើសពីនេះ ការផ្ទុះឡើងវិញនូវវីរុសកូវីដ 19 នៅក្នុងតំបន់រោងចក្រ Foxconn ដែលជាកន្លែងផលិតកម្មធំបំផុតសម្រាប់ Apple ក៏បានផ្ដល់ផលប៉ះពាល់ខ្លាំងដល់ Apple ដែរ ដូចជាមិនអាចផលិត iPhone បានគ្រប់តាមចំនួនកំណត់ជាដើម។ ក្រៅពីក្រុមហ៊ុន Apple ហើយ ក៏នៅមានក្រុមហ៊ុនមួយចំនួនទៀត ដូចជាក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតឈីបឲ្យក្រុមហ៊ុនធំៗជាច្រើន ក៏កំពុងនឹងបង្កើតរោងចក្រថ្មី ជាមួយដើមទុនខ្ទង់ 12 ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក ដើម្បីផលិតឈីប 4nm ចាប់ផ្ដើមពីឆ្នាំ 2024 តទៅ។

អ៊ីចឹងហើយ ផលិតផល Apple ដែលអ្នកទិញបន្ទាប់ អាចនឹងប្រទះឃើញមានពាក្យថា ដំឡើងនៅប្រទេសឥណ្ឌា Assembled in India ក៏ដូចជា ដំឡើងនៅប្រទេសវៀតណាម Assembled in Vietnam ច្រើនជាងពាក្យថា ដំឡើងនៅប្រទេសចិន Assembled in China ជាក់ជាមិនខាន។

ប្រភព ៖ ឺWSJ
អត្ថបទទាក់ទង